PROPERTY SEARCH

ខេត្ត​សៀមរាប​ត្រូវបានគេចាត់​ទុកថា​ ជាគោលដៅទេសចរណ៍ដ៏ល្អបំផុត​មួយក្នុងពិភពលោក ដែល​ខេត្ត​នេះ​បានទាក់ទាញភ្ញៀវទេសចរណ៍​ជាតិ និង​អន្តរជាតិ​រាប់លាននាក់ជារៀងរាល់​ឆ្នាំ​ មុន​វត្តមាន​របស់​ជំងឺ​រាតត្បាត​កូវីដ​១៩។ សៀមរាប​សម្បូរ​ទៅ​ដោយ​ភោគផល​ធម្មជាតិ​ មានបឹងទន្លេសាបដែល​ជា​បឹងទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍​ ព្រៃ​ ភ្នំ​ ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ដែល​ជា​កេរ្តិ៍​ដំណែល​មិន​អាច​កាត់​ថ្លៃ​បាន​ពី​បុព្វបុរស​ខ្មែរ​ អគារ​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម​បារាំង​ សារមន្ទីរ​ ឧទ្យានវប្បធម៌​ ​និង​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ និង​កែ​ច្នៃ​ជា​ច្រើនទៀត។

លើសពីនេះ សៀមរាប បាននិងកំពុងប្រែក្លាយជាទិសដៅវិនិយោគដ៏មានសក្តានុពលខ្លាំងក្លាបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុដោយមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជា៖

          ១. គម្រោងព្រលានយន្តហោះថ្មីសៀមរាបដែលនឹងក្លាយជាព្រលានយន្តហោះធំជាងគេក្នុងប្រទេសកម្ពុជា និងមានវិសាលភាពធំជាងព្រលានយន្តហោះអន្តរជាតិសៀមរាបសព្វថ្ងៃដល់ទៅ៣ដង ដែលអាចទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជា១០លាននាក់ក្នុងមួយឆ្នាំៗ។ គម្រោងនេះ ត្រូវបានកសាងឡើងលើទំហំផ្ទៃដីដល់ទៅជាង៧០០ ហិកតា ជាមួយនឹងទំហំទឹកប្រាក់ដល់ទៅ៩០០ លានដុល្លារអាមេរិកឯណោះ។

          ២. គម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិនដែលជាការបណ្តាក់ទុនជាង៧០ លានដុល្លារអាមេរិក របស់ក្រុមហ៊ុនចិន Yunnan Cultural Industry Investment Holding Group ដើម្បីសាងសង់ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន ដ៏ធំក៏មានវត្តមានក្នុងក្រុងអង្គរ ខេត្តសៀមរាបផងដែរ។ មជ្ឈមណ្ឌលវប្បធម៌ដ៏ធំសម្បើមមួយនេះ កំពុងសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៣ ហិកតា ដែលក្រោយពេលសាងសង់រួច ឧទ្យាននេះនឹងក្លាយជាបណ្ដុំនៃតំបន់ទេសចរណ៍បែបវប្បធម៌រួមមាន រោងមហោស្រពអង្គរញញឹម អាចស្វាគមន៍ភ្ញៀវដល់ទៅ ១៥០០កៅអី សារមន្ទីរ Zhou Daguan មជ្ឈមណ្ឌលវប្បធម៌សម័យចេនឡា មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន មជ្ឈមណ្ឌលពិព័រណ៍ផលិតផលវប្បធម៌ និងភោជនីយដ្ឋាន ជាដើម។

          ៣. គម្រោង​សួនសត្វលំដាប់ពិភពលោក ស្ថិត​ក្នុង​ដំណាក់​កាល​សាងសង់​យ៉ាង​មមាញឹក ដែល​គ្រោង​នឹង​បើក​ដំណើរ​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ត្រូវ​បាន​វិនិយោគដោយក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឺឃ្វារៀម (Angkor Wildlife and Aquarium)។ សួនសត្វនេះ ជាទីតាំង ជលវប្បដ្ឋាន ឬអាងសម្រាប់ចិញ្ចឹមត្រីទឹកសាប ត្រីទឹកប្រៃ និងជម្រកអភិរក្សសត្វដ៏ធំនៅខេត្តសៀមរាប។
សួនសត្វនេះ មានឈ្មោះថា «ជលវប្បដ្ឋានក្រុងអង្គរ និងអាណាចក្រជម្រកសត្វ (Angkor Aquarium & Animal Kingdom)» ដែល​កំពុង​នឹងសាងសង់នៅលើផ្ទៃដី ១០០ហិកតា ក្រោមទុនវិនិយោគ ៧០លានដុល្លារ ចែកចេញជាបីដំណាក់កាល។

          ៤. ដោយ​យោងលើ​សមិទ្ធផលដ៏ជោគ​ជ័យ​របស់​ខ្លួន​កន្លង​មក​ ដែល​ធ្លាប់​បានទទួលពានរង្វាន់​ជា​ច្រើន​ជាមួយ​នឹង​រមណីយដ្ឋានកោះ​សង្សារ ដែល​ជា​រមណីយដ្ឋាន​លក្ខណៈ​ឯកជន​គុណភាព​កម្រិត​ស្តង់ដារ​ពិភពលោក ក្រុមហ៊ុន Song Saa Collective បាន​ទិញ​ដី​ចំនួន​៤០០ ​ហិកតា​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប និង​បាន​បញ្ជាក់​ថា នឹង​វិនិយោគ​ដំបូង​ ៣​លាន​ដុល្លារ ទៅលើគម្រោង Song Saa Reserve ដើម្បី​សាងសង់​ផ្ទះ​បឹង​ហ្គាឡូ វីឡា ផ្ទះ​ស្នាក់​នៅ សួន​សត្វ​ក្នុង​បឹង​ធម្មជាតិ អាង​ហែល​ទឹក កន្លែង​ម៉ាស្សា ស្ប៉ា និង​សាលារៀន​ជា​ដើម​។

ក្រៅពីគម្រោងអភិវឌ្ឍន៍ធំៗទាំងនេះ ដែលនឹងធ្វើឲ្យខេត្តសៀមរាបប្រែក្លាយជាទិសដៅដ៏មានសក្តានុពលទ្វេដង ក៏នឹងមានគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ មានប្រវែងសរុបជិត ១០៩ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លានដុល្លារអាមេរិក ដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមគ្នានេះរដ្ឋាភិបាលក៏បានត្រៀមថវិកា ៥លានដុល្លារ ដើម្បីស្តារ និងកែលម្អដងស្ទឹងសៀមរាបផងដែរ។ គម្រោងទាំងពីរនេះនឹងជួយលើកកម្ពស់សោភ័ណភាពទីក្រុងសៀមរាប ដើម្បីបង្កើនភាពទាក់ទាញ ក៏ដូចជាត្រៀមស្វាគមន៍នៃការមកដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ត្រូវបានថមថយ។

Written by
Chan Samkun

Content & Copywriting Specialist
Contact: 095 566 988