PROPERTY SEARCH

សូមណែនាំប្រិយមិត្តភ័ញធើ មកស្គាល់ពីអគារដែលគេចាត់ទុកថាជាអគារដែលឆ្លាតវៃជាងគេក្នុងពិភពលោក គឺអគារ The Edge ដែលមានទីតាំងនៅរាជធានី Amsterdam ប្រទេស The Netherlands ឬហូឡង់។ ស្ថាបត្យកម្មដ៏ទំនើប ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ មើលមិនចេះជិនណាយ គួបផ្សំនឹងប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ ស្ទើរតែគ្រប់មុខងារ និងប្រតិបត្តិការរបស់អគារទាំងមូល បានធ្វើឲ្យអគារមួយនេះទទួលបាននូវពិន្ទុកំណត់ត្រាដល់ទៅ ៩៨.៣៦% ពីស្ថាប័ន BREEAM សម្រាប់អគារសាងសង់ស្របតាមស្តង់ដារនិរន្តរភាព (Sustainability Benchmarks) ដែលជាពិន្ទុដែលខ្ពស់ជាងគេបង្អស់មិនធ្លាប់មានពីមុនមក។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិ និងចំណុចពិសេសរបស់អគារ The Edge។  

នៅ​ពេល​អ្នក​ចូល​ទៅកាន់​អគារ​នេះ​លើកដំបូង​ អ្នក​នឹង​មាន​អារម្មណ៍​ ហាក់បីដូច​ជា​ស្ថិត​នៅ​ទីធ្លា​ចំហ​ (open space) ដោយ​សារ​តែ​ការ​រចនា​ផ្ទៃ​ខាង​ក្នុង​និង​ក្រៅ​ ក៏​ដូច​ជា​ដំបូល​ដែល​មាន​លក្ខណៈ​បញ្ឆិត​របស់​អគារ​ ផ្តល់​ភាព​ងាយស្រួល​ទៅ​ដល់​លំហូរ​នៃ​ចរន្ត​ខ្យល់​ និង​ពន្លឺ​ព្រះ​អាទិត្យ​ជះ​ចូល​ពេញលេញ​។

ស្វាគមន៍​មក​កាន់​យុគសម័យ​ថ្មី​នៃ​របៀប​របប​ធ្វើ​ការ។ នៅ​ទី​នេះ​ គឺ​មាន​ត្រឹម​តែ​1000​តុ​ធ្វើការ​ប៉ុណ្ណោះ​សម្រាប់​បុគ្គលិក​ជាង​ 2,500 នាក់ មូលហេតុ​គឺ​គេ​មាន​ទស្សនវិស័យ​ ចង់​ឲ្យ​បុគ្គលិក​ទាំងអស់​បង្កើន​ការ​ប្រា​ស័យទាក់ទងគ្នា​ រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​  ចៀស​វាង​ការ​នៅ​មួយ​កន្លែង​ ឬ​ធ្វើ​រឿង​ដដែលៗ។ The Edge​ ក៏​មាន​បន្ទប់តូចៗ ប៉ុន្តែ​មាន​តែ​កៅអីអង្គុយ និងចង្កៀងមួយ​ប៉ុណ្ណោះ​  ដែល​អាច​ជា​កន្លែង​ណាត់​ជួប​ពិភាក្សា​ការងារ​ ឬ​និយាយ​ទូរស័ព្ទ​។ក្រៅពីនេះក៏មាន បន្ទប់លេងហ្គេម និងម៉ាស៊ីនកាហ្វដែលបុគ្គលិកអាចហូបបានដោយឥតគិតថ្លៃ។ ពិសេស​ជាង​នេះ​គឺ ម៉ាស៊ីនកាហ្វេឆ្លាតវៃ​ មាន​សមត្ថភាព​អាច​ចង​ចាំ​ពី​ជម្រើស​កាហ្វេ​ដែលអ្នកចូលចិត្ត​ថែមទៀត​។

ប្រព័ន្ធ​តាម​ដាន​ទិន្នន័យ​ដ៏​ឆ្លាត​វៃ​នៅ​ The​ Edge​ ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​កត់​ត្រា​ និង​ស្វែងយល់​ពី​អន្តរកម្ម​របស់​បុគ្គលិក​នៅ​ក្នុង​អគារ។ កម្ម​វិធី​តាម​ដាន​ទិន្នន័យ​ ឬ​ Dashboard នេះ​តាម​ដាន​តាំង​ពី​ការ​ប្រើ​ប្រាស់​ថាមពល​ ហើយ​ថែម​ទាំង​ដឹង​យ៉ាង​ច្បាស់​ថា​ពេល​ណា​ត្រូវបន្ថែមកាហ្វេក្នុង

ម៉ាស៊ីនកាហ្វេ។  នៅថ្ងៃដែលមាន​បុគ្គលិក​តិច Dashboard នឹង​បិទផ្នែកខ្លះនៃអគារដោយស្វ័យប្រវត្តិ ដើម្បី​កាត់​បន្ថយ​ថ្លៃ​ចំណាយ​លើ​ថាមពល ម៉ាស៊ីនត្រជាក់ ភ្លើង និង​ការ​សម្អាត។

ទូរស័ព្ទ​ឆ្លាត​វៃ​ ឬ​ Smartphone ប្រៀប​បាន​ដូច​ជា​លិខិត​ឆ្លងដែន​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​បុគ្គលិក​នៅ​ The​ Edge។ កម្ម​វិធី​ទូរស័ព្ទ​ដែល​ក្រុមហ៊ុន​ដាក់​ឲ្យ​បុគ្គលិក​ប្រើប្រាស់​ អាច​ឲ្យ​អ្នក​ស្វែងរក​មិត្ត​រួមការ​ងារ​បាន​យ៉ាង​ងាយស្រួល​ អ្នក​ក៏​អាច​បន្ថែម​បន្ថយ​សីតុណ្ហភាព​ ឬ​តាម​ដាន​ទិន្នន័យ​ការ​ហាត់​ប្រាណ​ ក៏​ដូច​ជា​បញ្ជា​សម្ភារ​បរិក្ខារ​ជា​ច្រើន​ទៀត​ក្នុង​អគារ។ ហើយ​កុំ​ភ័យ​រឿង​អស់​ថ្ម​ ឬ​ភ្លេច​ឆ្នាំង​សាក​ដោយ​សារ​គ្រប់​តុ​ការិយាល័យ​ទាំង​អស់​គឺ​បំពាក់​ដោយ​ឆ្នាំង​សាក​ឥត​ខ្សែ​ (wireless charger)ផង​ដែរ​។

យុគ​សម័យ​ថ្មី​នៃ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​បាន​មក​ដល់​ហើយ។ អគារ​ The Edge​ ស្វាគមន៍​ និង​គាំទ្រ​ចំពោះ​បច្ចេក​វិទ្យា​ដ៏​ទំនើប​នេះ​ ដោយ​បាន​បំពាក់​ចំណត​របស់​ខ្លួន​ជាមួយ​ឆ្នាំង​សាក​រថយន្ត​អគ្គិសនី​ដ៏​ទំនើប។ លើស​ពី​នេះ​ នៅពេលអ្នកទៅដល់ The Edge​ ចំណតយានយន្តនឹងដំណើរការដោយស្វ័យប្រវត្តិ ដោយមានកាមេរ៉ាថតស្លាកលេខរថយន្តរបស់អ្នក ហើយផ្ទៀងផ្ទាត់ជាមួយកំណត់ត្រាធ្វេីការរបស់អ្នក។ បន្ទាប់មកវានឹងបើកទ្វា​ ដោយ​ស្វ័យ​ប្រវត្តិ​។ ចំណតយានយន្តក៏មានបំពាក់ដោយ ភ្លើង LED ដែលវានឹងបញ្ចេញពន្លឺនៅពេលអ្នកចូលទៅជិត និងងងឹត​បន្តិច​ម្តង​ៗនៅពេលអ្នកចាកចេញ។

The​ Edge​ ជា​អគារ​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​តិច​បំផុត​មួយ​ប្រហែល​30%ប៉ុណ្ណោះ​ សម្រាប់​ដំណើរ​ការ​ប្រតិបត្តិ​ការ​របស់​អគារ​ទាំង​មូល។ ជញ្ជាំង​ខាង​ត្បូង​ និង​ដំបូល​របស់​អគារ​ត្រូវ​បាន​បំពាក់​ដោយ​ផ្ទាំង​សូឡា ដែល​អាច​បង្កើត​ថាម​ពល​អគ្គិសនីទាញចេញ​ពី​ពន្លឺ​ព្រះ​អាទិត្យ​ដល់ទៅ​70% ឯណោះ។

នៅពេលសម្រាកថ្ងៃត្រង់ បុគ្គលិកនៅ The Edge ត្រូវបានលើកទឹកចិត្តឲ្យធ្វើការហាត់ប្រាណ។ ពួកគេគ្រាន់តែបង្ហាញ ទូរស័ព្ទរបស់នៅកន្លែង​ត្រួត​ពិនិត្យ​(Check​ in) នោះកម្មវិធីហាត់ប្រាណនឹង​បង្ហាញ​ពី​ទិន្នន័យ​ហាត់ប្រាណរបស់គេដោយស្វ័យប្រវត្តិ។  ក្នុង​មជ្ឈ​មណ្ឌល​ហាត់ប្រាណទាំងអស់ មានឧបករណ៏ហាត់ប្រាណមួយចំនួន ដែល​អាចបម្លែងថាមពលពីការហាត់ប្រាណ ហើយបញ្ជូនថាមពលនោះទៅប្រើប្រាស់ក្នុង​ផ្នែក​ខ្លះ​នៃ​អគារផងដែរ។

The Edge ក៏បាន​យកចិត្តទុកដាក់ខ្ពស់លើផ្នែកអនាម័យ ពិសេសផ្នែកបន្ទប់ទឹក។ ម៉ាស៊ីនដាក់ក្រដាសជាទូទៅផ្តល់ក្រដាសសម្រាប់​សម្ងួត​ដៃ។ ប៉ុន្តែខុសពីម៉ាស៊ីនសម្ងួតដៃធម្មតា ម៉ាសុីននៅអគារ The Edge ត្រូវបានភ្ជាប់ជាមួយអុីនធើណែត។  វាអនុញ្ញាតឱ្យបុគ្គលិកសម្អាតដឹងនៅពេលណាដែលបន្ទប់ទឹកមានមនុស្ស ហើយពេលណាដែលទំនេរអាចឲ្យពួកគាត់ចូលទៅសម្អាតបាន។

Written by
Chan Samkun

Content & Copywriting Specialist
Contact: 095 566 988